ហាត់ប្រាណពេលព្រឹក និងហាត់ប្រាណពេលល្ងាច តើមួយណាល្អជាង?
តើអ្នកកំពុងរៀបចំចាប់ផ្តើម
បង្កើតទម្លាប់ ហាត់ប្រាណមែនទេ? អ្នកប្រាកដជា ត្រូវគិតថាហាត់ប្រាណនៅពេលណា
ទើបអាចផ្តល់អត្ថប្រយោជន៍ជាអតិបរមា មកឲ្យខ្លួនអ្នក។
ប៉ុន្តែអ្នកនៅតែមានមន្ទិលសង្ស័យ មិនដឹងថាគួរហាត់ប្រាណពេលព្រឹក
ឬពេលល្ងាចនោះទេ។
មនុស្សជាច្រើន
គិតថាមានតែការហាត់ប្រាណ នៅពេលព្រឹកទេ
ដែលអាចផ្តល់អត្ថប្រយោជន៍សុខភាពបានល្អជាង ការហាត់ប្រាណនៅពេលល្ងាច
តែក៏នៅមានអ្នកអ្នកជំនាញផ្សេងទៀត ជំទាស់គំនិតនេះដែរ។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអាចជួយអ្នកឲ្យសម្រេចចិត្តបានត្រឹមត្រូវបំផុត ថាអ្នកគួរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាច ៖
# អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅពេលព្រឹក
*ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណនៅពេលព្រឹកគឺ ល្អបំផុតសម្រាប់ការកាត់បន្ថយសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល។
*គេបានតាមដាន
កម្រិតសម្ពាធឈាម និងលំនាំការគេង នៃមនុស្សមួយក្រុម ដែលមានអាយុចាប់ពី ៤០ ទៅ
៦០ ឆ្នាំ។ ពួកគេបានធ្វើលំហាត់ប្រាណ ជាមធ្យម ៣ ដង ក្នុងមួយសប្តាហ៍
និងមានរយៈពេល ៣០ នាទីរាល់ការហាត់ប្រាណម្តងៗ។ គេបានបែងចែកឲ្យពួកគេ
ធ្វើលំហាត់ប្រាណ ៣ ពេលផ្សេងៗគ្នាគឺ ៖ ម៉ោង ៧ ព្រឹក ម៉ោង ១ ថ្ងៃ និងម៉ោង ៧
យប់។
ជាលទ្ធផល
រាល់អ្នកដែលចូលរួមអនុវត្តការធ្វើលំហាត់ប្រាណ នៅក្នុងអំឡុងពេលព្រឹក
បានបង្ហាញថា មានការថយចុះសម្ពាធឈាម ១០%។ ឥទ្ធិពលថយចុះសម្ពាធឈាមនេះ
មិនមែនមានតែពេលដែលអ្នកហាត់ប្រាណនោះទេ គឺពេញមួយថ្ងៃ។ នៅពេលយប់
អ្នកទាំងនោះអាចគេងបានយូរ និងមានវដ្តដំណេកប្រសើរជាងមុន
ដែលបណ្តាលឲ្យធ្លាក់ចុះសម្ពាធឈាមរហូតដល់ទៅ ២៥% ឯណោះ។
*ការហាត់ប្រាណពេលព្រឹកក៏ ជួយបង្កើនភាពជាទម្លាប់បានខ្ជាប់ខ្ជួន ព្រោះតែពេលល្ងាចមនុស្សជាច្រើនតែងតែ
អាចជាប់រវល់ អាចធ្វើការដល់យប់ ដែលបណ្តាលឲ្យអស់កម្លាំង
មិនអាចទៅធ្វើលំហាត់ប្រាណបានទៀងទាត់ឡើយ។ មួយវិញទៀត សម្រាប់អ្នកដែលមិនចូលចិត្តហ្វូងមនុស្សច្រើន ជម្រើសហាត់ប្រាណពេលព្រឹក
គឺជារឿងដ៏ល្អបំផុត។ ការហាត់ប្រាណពីម៉ោង ៥ រសៀលទៅ
គឺសំបូរទៅដោយមនុស្សគ្រប់ទីកន្លែង ជាពិសេស នៅក្នុងកន្លែងហាត់ប្រាណ
ដែលធ្វើឲ្យអ្នកពិបាកប្រើប្រាស់ឧបករណ៍ដែលអ្នកចូលចិត្ត
និងបង្កភាពធុញទ្រាន់ក្នុងការរង់ចាំ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ដោយការហាត់ប្រាណនៅពេលព្រលឹម ជាមួយនឹងអាហារពេលព្រឹក ដែលជាអាហារដ៏សំខាន់បំផុតក្នុងចំណោមអាហារទាំងបីពេលនោះ អ្នកប្រាកដ ជាទទួលបានភាពស្រស់ថ្លា និងទទួលបានសុខភាពល្អក្នុងរយៈវែងទៅមុខទៀត។
# អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណនៅពេលល្ងាច
*ការសិក្សាដែលធ្វើឡើងនៅមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រ
នៅឯសាកលវិទ្យាល័យ Chicago បានរកឃើញថា បុគ្គលដែលហាត់ប្រាណ បន្ទាប់ពីការងារ
នៅពេលល្ងាច មានកាយសម្បទារឹងមាំ ជាងអ្នកដែលធ្វើលំហាត់ប្រាណនៅពេលព្រឹក។
*ការសិក្សានោះបាន
ជួសឈាម ជាគំរូទុក ពីបុរសដែលមានសុខភាពល្អចំនួន ៤០ នាក់ដែលមានអាយុចន្លោះពី
២០ ទៅ ៣០ ឆ្នាំ។ គេបានបែងចែក បុរសទាំងនោះ ទៅជាប្រាំក្រុម។ គេបានឲ្យមនុស្ស
បួនក្រុម ធ្វើការហាត់ប្រាណឲ្យបានខ្លាំងក្លា នៅពេលព្រឹក ពេលរសៀល
និងពេលល្ងាច។ ក្រុមទីប្រាំ មិនត្រូវឲ្យអនុញ្ញាត
ឲ្យធ្វើលំហាត់ប្រាណអ្វីទាំងអស់។ ក្រុមស្រាវជ្រាវ បានរក្សាទុក
គំរូឈាមរបស់អ្នកចូលរួមទាំងអស់ ដើម្បីសម្រាប់តាមដាន កម្រិតនៃ
ក្រពេញបញ្ចេញអ័រម៉ូនទាំងពីរគឺ cortisol និង thyrotropin នៅក្នុងរាងកាយ។
ជាលទ្ធផល
គេបានរកឃើញថាអ័រម៉ូនទាំង ២ ខាងលើ បានកើនឡើងកម្រិតវិសាលភាពច្រើនលើសលុប
ក្នុងឈាមបុរស ដែលបានធ្វើលំហាត់ប្រាណពេលល្ងាច។ ជាងនេះទៅទៀត គេបានសង្កេតឃើញថា
ក្រុមបុរសដែលធ្វើលំហាត់ប្រាណពេលល្ងាចនេះ មានការធ្លាក់ចុះកម្រិតជាតិស្ករ
របស់ពួកគេថែមទៀតផង។
*ការធ្វើលំហាត់ប្រាណ ពេលល្ងាច ក៏អាចជួយបំបាត់ស្រ្តេស បានផងដែរ។
ការសិក្សាមួយបាននិយាយថា ការឡើងទម្ងន់ធ្វើឲ្យ អ្នកកើនឡើងបញ្ហាស្រ្តេស។
ការស្រាវជ្រាវបន្ថែមទៀតបានបង្ហាញថាអរម៉ូន cortisol ដែលបានបង្ហាញដូចខាងលើ
ជួយធ្វើឲ្យអ្នកមិនមានចំណង់បរិភោគអាហារដែលមិនល្អ សម្រាប់សុខភាពទៀតផង។
ការដែលអ្នកទៅធ្វើលំហាត់ប្រាណផ្សេងៗ ក្រោយចេញពីធ្វើការ ពេលល្ងាចៗនោះ
អ្នកនឹងមានអារម្មណ៍ធូរស្រាល ចាកចេញពីភាពតានតឹងជាមិនខាន។
ការទៅធ្វើលំហាត់ប្រាណពេលល្ងាច ខុសពីពេលព្រឹកត្រង់ អ្នកអាចស្វែងរក ដៃគូដែលអាចចូលរួមហាត់ប្រាណជាមួយអ្នកបានងាយស្រួលជាង ក៏ព្រោះតែមនុស្សមួយចំនួនចូលចិត្តទៅណាមកណាមានគ្នា។ ជាពិសេស អ្នកមាន ពេលវេលាគ្រប់គ្រាន់ ប្រសិនបើអ្នកហាត់ប្រាណពេលល្ងាច។
អ្នកអាចចូលរួមធ្វើលំហាត់ប្រាណ យូរតាមតែចិត្តអ្នកចង់ មិនដូចជាពេលព្រឹក
ដែលអ្នកត្រូវប្រញាប់រួសរាន់ ទៅសាលា ឬកន្លែងធ្វើការ
បណ្តាលឲ្យអ្នកហាត់មិនបានគ្រប់គ្រាន់ឡើយ។
# សរុបសេចក្តី
សរុបមក
អ្នកគួរដឹងថាអ្នកមានគោលដៅអ្វីសិន មុននឹងសម្រេចចិត្តថា
គួរធ្វើលំហាត់ប្រាណពេលព្រឹក ឬពេលល្ងាច។
ប្រសិនបើអ្នកចង់ពង្រឹងសុខភាពបេះដូងរបស់អ្នក
និងចង់ឲ្យគេងលក់ស្រួលនៅពេលយប់នោះ អ្នកគួរតែធ្វើលំហាត់ប្រាណ
នៅពេលព្រឹកទើបប្រសើរ។ ផ្ទុយមកវិញ អ្នកដែលចង់បានកម្រិតកាយសម្បទារឹងមាំ
ក៏ដូចជាចង់កាត់បន្ថយជាតិស្ករ ដែលជាហានិភ័យជំងឺដូចជា ទឹកនោមផ្អែម
គួរតែហាត់ប្រាណនៅពេលល្ងាចឲ្យបានទៀងទាត់ គឺជាជម្រើសដ៏ល្អបំផុត៕