ភ្នំពេញ៖
ក្នុងពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ប្រជាជនខ្មែរ
បានចាប់អារម្មណ៍ច្រើនលើវិស័យកីឡា និងបញ្ហាសុខភាព ជាពិសេស ក្រុម យុវជន
តែម្តង ដែលនេះជាកត្តាធ្វើឲ្យ យុវជនជាច្រើន បានចំណាយពេលវេលា ទៅលេងកីឡា
ហាត់ប្រាណ និងលើកសាច់ដុំ នៅតាមក្លិបហាត់ ប្រាណ ដែលបានបើកជាច្រើនកន្លែង
ក្នុងរាជធានីភ្នំពេញ។
ដោយសង្កេតពី
ការចាប់អារម្មណ៍ច្រើន ក្នុងការហាត់ប្រាណ និងលើកសាច់ដុំ បែបនេះហើយ ខ្មែរឡូត
បានចុះទៅសំភាសន៍ជាមួយ យុវជន ម្នាក់មាន ឈ្មោះ សុត្ថាវីត វ័យ ២២ឆ្នាំ
ជាអ្នករស់នៅខេត្តសៀមរាប និងបានមករស់នៅទីក្រុងភំ្នពេញ ដើម្បីបន្តការសិក្សា
និងធ្វើការ។ សុត្ថាវីត តែងតែ ចំណាយពេលទំនេរពីការសិក្សា និងការងារ
មកក្លិបហាត់ប្រាណ ដើម្បីហាត់ប្រាណ លើកយកសាច់ដុំ ជាប្រចាំ។
ខាងក្រោមជា កិច្ចសម្ភាសន៍ រវាង ខ្មែរឡូត និងសុត្ថាវីត៖
ខ្មែរឡូត៖តើ សុត្ថាវីត ហាត់ប្រាណលើកសាច់ដុំ រយៈពេលប៉ុន្មានឆ្នាំ ហើយជាប្រចាំប៉ុន្មានថ្ងៃក្នុងមួយ សប្តាហ៍ ?
សុត្ថាវីត ៖
សំរាប់ការហាត់នេះ ខ្ញុំបានហាត់ប្រាណអស់រយៈពេលជាង ៣ឆ្នាំមកហើយ
គឺហាត់ចាប់តាំងពី ខ្ញុំ មកបន្តការសិក្សា នៅក្នុងក្រុង ភ្នំពេញ ម្ល៉េះ។
ក្នុងមួយសប្តាហ៍ មកហាត់ ៥ថ្ងៃ និងហាត់ប្រាណ ពី ១ម៉ោងទៅ ២ម៉ោង នៅពេលល្ងាច
បន្ទាប់ពីទំនេរពីការសិក្សា ហើយខ្ញុំសំរាកនៅថ្ងៃ ចុងសប្តាហ៍
ដើម្បីលំហែកាយជាមួយ មិត្តភក្តិ ហើយការសំរាកនេះ ក៏ជាកត្តាជួយ ឲ្យសាច់ដុំ
ដើរយឺតល្អផងដែរ។
ខ្មែរឡូត៖ តើ មូលហេតុអ្វីដែល សុត្ថាវីត ចង់ហាត់ប្រាណ លើកសាច់ដុំនេះ ? ឬគ្រាន់តែ ទៅហាត់តាមគ្នាទេ?
សុត្ថាវីត៖
អូ! ចំពោះការហាត់ប្រាណនេះ ខ្ញុំចង់ហាត់ខ្លួនឯងតែម្តង និងឃើញតាមរយៈ
ទូរទស្សន៍និងអ៊ីនធើណេត ឃើញបុរសមានសាច់ដុំ គឺឡូយ សង្ហាតែម្តង
មិនថាពេលពាក់អាវ និងដោះអាវទេ គឺសង្ហាតែម្តង ហើយខ្ញុំហាត់នេះ
ក៏ចង់បានសុខភាពល្អផងដែរ និងមួយវិញ ចង់ឲ្យទាក់ទាញ ដល់ ភ្នែករបស់ក្រុម
សុភាពនារីដែរ។
ខ្មែរឡូត៖ តើកត្តាអ្វីខ្លះជា កត្តាធ្វើឲ្យ សុត្ថាវីតអាចស៊ូទ្រាំ ហាត់ប្រាណរហូតទទួលសាច់ដុំបែបនេះ ?
សុត្ថាវីត ៖ សំរាប់បទពិសោធន៍ខ្ញុំផ្ទាល់
កត្តាធ្វើឲ្យ ជោគជ័យមាន ៣យ៉ាង គឺ ទី១ មានការតស៊ូ ជំនះក្នុងការហាត់
មានគោលដៅច្បាស់លាស់ ព្រមជាមួយ កាលវិភាគនៃការហាត់ប្រាណត្រឹមត្រូវ។ ទី២
គឺការយល់ដឹង ពីរបៀបហាត់ប្រាណ តាមក្បួនត្រឹមត្រូវ ដើម្បីមានរូបរាងកាយស្អាត
និងចុងក្រោយគឺ យល់ដឹងពី របបអាហារ ដែលអ្នកហាត់ប្រាណ ត្រូវបរិភោគតែម្តង
ព្រមជាមួយការគេងឲ្យបានគ្រប់គ្រាន់។
ខ្មែរឡូត៖ តើចំពោះក្បួនត្រឹមត្រូវ និង របបអាហារ សុត្ថាវីតអនុវត្តន៍ តាមវិធីណាដែរ ?
សុត្ថាវីត៖ អូហ៍
! ចំពោះ ក្បួនត្រឹមត្រូវនោះ ខ្ញុំមិនមែនចេះតែហាត់ ទៅហាត់ៗនោះទេ គឺ
ខ្ញុំបានសួរយោបល់អ្នកណែនាំ និងបងៗនៅកន្លែង ហាត់ប្រាណផង និង
ព្រមទាំងសិក្សាតាមវីដេអូ និងកម្មវិធីតាមអ៊ីនធើណេតផង។
ហើយខ្ញុំចង់ប្រាប់គន្លឹះថា ខ្លួនប្រាណយើងចែកជាពីរផ្នែកគឺ Lower body
(ខ្លួនផ្នែកខាងក្រោម) និង Upper body (ខ្លួនផ្នែកខាងលើ)
ដូច្នេះខ្ញុំមានកាលវិភាគ ត្រឹមត្រូវ ក្នុងការហាត់ តាមចំនួនថ្ងៃដែល
ត្រូវហាត់ Lower body ឬថ្ងៃណា ត្រូវហាត់ Upper body ។ ចំពោះអាហារ
វិញអ្នកហាត់ប្រាណលើកសាច់ដុំ ជាប្រចាំដូចខ្ញុំ គួរតែឧស្សាហ៍ ញ៉ាំស៊ុតមាន់
(ផ្នែកពណ៌ស) សាច់ទ្រូងមាន់ សាច់គោ បន្លែ ផ្លែឈើ ជាពិសេស គឺតមបារី
និងភេសជ្ជៈគ្រឿងស្រវឹងតែម្តង។
ខ្មែរឡូត៖ តើកត្តាប្រឈមអ្វីខ្លះ ក្នុងការហាត់លើកសាច់ដុំ ដែលសុត្ថាវីត បានជួបប្រទះ?
សុត្ថាវីត៖ កត្តាប្រឈម
គឺ ពេលហាត់ដំបូងៗ ឈឺខ្លួន និង ឈឺពេញរាងកាយ ព្រោះពេលដំបូង មិនធ្លាប់ហាត់
ហើយសាច់ដុំវារីក ទើបធ្វើឲ្យ ឈឺខ្លួនប្រាណ ប៉ុន្តែពេលយល់ដឹងខ្លះៗ
អំពីការហាត់យកសាច់ដុំនេះ ក៏ចាប់ផ្តើមហាត់បន្តិចម្តងៗ ដោយប្រើ
ឧបករណ៏ហាត់ប្រាណ មានទម្ងន់ស្រាលៗល្មម ហើយក៏បន្តលើកធ្ងន់ៗរហូតមកដល់
ពេលឥលូវនេះ ។ បញ្ហាផ្សេងទៀតគឺ ការបាក់កម្លាំង ដោយសារតែ ពីមុនហាត់ច្រើនម៉ោង
និង មិនបានញ៉ាំអាហារគ្រប់គ្រាន់ ប៉ុន្តែឥលូវបន្ថយម៉ោងហាត់ប្រាណ
និងព្យាយាមញ៉ាំអាហារឲ្យបានច្រើន គ្រប់គ្រាន់ឡើងវិញ ។
ខ្មែរឡូត៖ តើសុត្ថាវីត គិតថាខ្លួនឯងជោគជ័យ និងចង់បញ្ឈប់ការ ហាត់ប្រាណនេះដែរឬទេ ?
សុត្ថាវីត៖ សំរាប់ខ្ញុំ
មិនបានគិតថា ខ្លួនឯងជោគជ័យនោះទេ ព្រោះទើបតែ ហាត់បានជាង ៣ឆ្នាំ
ប៉ុន្តែអ្វីដែលខ្ញុំមើល ឃើញពេលឥលូវនេះ គឺខ្ញុំ មាន អារម្មណ៍ ថាប្លែក
ជាងខ្ញុំកាលពី ៣ឆ្នាំមុន ពីព្រោះទៅណាមកណា គឺមានភាពលេចធ្លោ ជាងគេ
ដោយសារនៅស្រុកខ្មែរមិនសូវមាន អ្នកលើក សាច់ដុំច្រើន នៅឡើយទេ ។ មួយវិញទៀត
ខ្ញុំមានសុខភាពល្អ និងមិនងាយមានឈឺជំងឺផ្សេងៗឡើយ ហើយខ្ញុំក៏មិនទាន់
បញ្ឈប់ដែរ ហើយបន្តលើក ជាប្រចាំដើម្បីសុខភាព និងរាងកាយមាំមួន។
ខ្មែរឡូត៖ ចុងក្រោយ សុត្ថាវីត មានការណែនាំអ្វីខ្លះ ចំពោះអ្នកចង់ហាត់យកសាច់ដុំ បានស្អាតសង្ហារដែរ ?
សុត្ថាវីត៖ ចំពោះការណែនាំរបស់ខ្ញុំវិញ
គឺខ្ញុំគ្រាន់តែប្រាប់ថា មិនថា ការហាត់ប្រាណលើកសាច់ដុំទេ អ្វីក៏ដោយ
ត្រូវតែមាន ការតស៊ូអំណត់ ជំនះ និងមានគោលដៅ ថាធ្វើអ្វីមួយ
ដើម្បីទទួលបានជោគជ័យ ហើយព្រមជាមួយការយល់ដឹងច្បាស់លាស់
ពីក្បួនវិធីត្រឹមត្រូវ ទើបសម្រេច បានជោគ ជ័យផងដែរ៕