អាហារទាំង ១៤ មុខ សម្រាប់ជួយដល់បុរសៗ ដែលប្រាថ្នាចង់បានសាច់ដុំ!
មនុស្សយើង ប្រសិនបើធ្វើលំហាត់ប្រាណ (មិនថាចង់សម្រកទម្ងន់ ចង់បានសាច់ដុំ ចង់បានរាងស្អាត ឬចង់បានសុខភាពល្អនោះទេ) គឺខំប្រឹងហាត់ទាំងលំបាកលំបិន និងមិនសូវជាខ្វល់ខ្វាយអំពីរបបអាហាររូបត្ថម្ភឡើយ។ ហេតុនេះហើយ ពេលវេលា និងការខិតខំប្រឹងប្រែងរបស់ពួកគេ បានក្លាយជាអាសារបង់ និងអត់ប្រយោជន៍។
ជាពិសេស សម្រាប់អ្នកដែលចង់បានសាច់ដុំ អ្នកមិនត្រូវមើលរំលង ការទទួលទានរបបអាហារឡើយ ពីព្រោះអាហាររូបត្ថម្ភមួយចំនួនធំ អាចជួយឲ្យអ្នកមានកម្លាំង និងកើនថាមពល ហើយលើសពីនេះទៅទៀត មានអាហារមួយចំនួនជួយដល់តុល្យភាពរាងកាយ ដែលធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញ។
ខាងក្រោមនេះគឺជាបណ្តាម្ហូបអាហារ ដែលអាចជួយបង្កើនសាច់ដុំបុរស ដោយគួបផ្សំជាមួយនឹងការហាត់ប្រាណជាប្រចាំផង ៖
១. សាច់គោសុទ្ធ គ្មានខ្លាញ់
អត្តពលិកដែលចង់បានសាច់ដុំ គឺត្រូវតែទទួលទានសាច់គោ ក្នុងរបបអាហារប្រចាំថ្ងៃ។ សាច់គោគ្មានខ្លាញ់ ជួយដល់ការរីកលូតលាស់សាច់ដុំ ដោយសារតែវាផ្ទុកជាតិដែក ស័ង្កសី វីតាមីន B និងអាស៊ីតអាមីណូ ដែលជាអាំងស៊ុយលីន ក្នុងការជំរុញការលូតលាស់សាច់ដុំ។ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ សាច់គោសុទ្ធ ជាជម្រើសដ៏ល្អ ពីព្រោះត្រឹមតែសាច់គោ ៨៥ ក្រាម គឺមានជាតិប្រូតេអ៊ីនស្មើនឹងសណ្តែក ១ ពែងកន្លះឯណោះ។
២. សាច់មាន់សុទ្ធគ្មានស្បែក
មិនខុសពីសាច់គោនោះទេ សាច់មាន់គឺជាប្រភព នៃសារជាតិប្រូតេអ៊ីនច្រើនលើសលុប ដែលជួយដល់សុខភាពសាច់ដុំ សុខភាពឆ្អឹង និងរក្សាទម្ងន់។ ជាងនេះទៅទៀត មុខម្ហូបដែលធ្វើពីសាច់មាន់ ក៏មានច្រើន ហេតុនេះវាមិនពិបាកក្នុងការចំអិននោះទេ។
៣. ស៊ុត
ស៊ុត មិនត្រឹមតែមានតម្លៃថោកប៉ុណ្ណោះទេ វាក៏ផ្ទុកទៅដោយសារជាតិប្រូតេអ៊ីនយ៉ាងច្រើន អាស៊ីតអាមីណូចំនួន ៩ មុខសំខាន់ៗ វីតាមីន Choline ជាតិខ្លាញ់ល្អ និងជាពិសេស វីតាមីន D ដែលជួយរក្សាកម្រិត អ័រម៉ូន testosterone របស់បុរសបានថេរទៀតផង។ ក្នុងមួយថ្ងៃ អ្នកអាចទទួលទានស៊ុតឲ្យបានមួយគ្រាប់ ក្នុងរបបអាហារប្រចាំថ្ងៃ គឺគ្រប់គ្រាន់ហើយ។ ការសិក្សាជាច្រើន បានរកឃើញថាស៊ុត មិនបង្កផលប៉ះពាល់ណាមួយដល់សុខភាពឡើយ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាសុខភាពទាក់ទងនឹងកូឡេស្តេរ៉ូល អ្នកមិនត្រូវទទួលទានលើសពី ១ គ្រាន់ទេ ជាពិសេសគឺ ស៊ុតក្រហម។
៤. ត្រីធូណា និងត្រីដទៃទៀត
ត្រី មានផ្ទុកទៅដោយសារជាតុប្រតេអ៊ីនខ្ពស់ ជាតិខ្លាញ់ទាប និងសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ។ អូមេហ្គា ៣ មានសារសំខាន់ណាស់ ពីព្រោះវាជួយបញ្ចុះជាតិខ្លាញ់មិនល្អ និងជួយដល់ដំណើរការរាងកាយរបស់អ្នក (ដូចជាប្រព័ន្ធរំលាយអាហារជាដើម)។ ជាពិសេស ត្រីធូណា សម្បូរទៅដោយវីតាមីន D ដែលអាចជួយដល់សុខភាពបេះដូងទៀតផង។ ប៉ុន្តែ អ្នកមិនគួរទទួលទានត្រីធូណារៀងរាល់ថ្ងៃនោះទេ (ម្តងម្កាល ទើបប្រសើរ)។
៥. គ្រឿងសមុទ្រ
បង្គា បង្កង ក្តាម គឺសុទ្ធតែជាគ្រឿងសមុទ្រ ដែលអ្នកអាចទទួលទានជាមួយមី ជាមួយបាយ ឬមុខម្ហូបជាច្រើនដទៃផ្សេងទៀត។ បណ្តាគ្រឿងសមុទ្រទាំងអស់ សុទ្ធតែផ្ទុកទៅដោយសារធាតុគីមី ដែលជួយឲ្យកម្រិតអរម៉ូនភេទបុរស testosterone កើនឡើងបាន។ ប៉ុន្តែទោះជាយ៉ាងណាក័ដោយ សារធាតុគីមីទាំងនោះ អាចបង្កជាបញ្ហា ប្រសិនបើអ្នកទទួលទានច្រើនហួសហេតុ និងទទួលទានជារៀងរាល់ថ្ងៃ។
៦. ឪឡឹក
ឪឡឹក អាចជួយដល់ចលនាឈាមរត់ ជួយថែរក្សាសុខភាពបេះដូង និងជួយរក្សាកម្រិតកូឡេស្តេរ៉ូល មិនឲ្យកើនឡើងបាន។ នៅតាមបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក គេទទួលទានឪឡឹកជាមួយសាឡាត់ ជាមួយសាច់ និងជាមួយឈីសទៀតផង ប៉ុន្តែអ្នកគ្រាន់តែទទួលទានស្រស់ៗតាមទម្លាប់គឺបានហើយ។ បញ្ហាគឺ នៅត្រង់ថាឪឡឹកមានតាមរដូវកាលប៉ុណ្ណោះ។
៧. ផ្កាខាត់ណា
ផ្កាខាត់ណា អាចកាត់បន្ថយកម្រិតអរម៉ូន estrogen (អ័រម៉ូនស្ត្រី) ក្នុងរាងកាយរបស់អ្នកខណៈពេលដែលបង្កើនកម្រិតនៃអ័រម៉ូន testosterone (អ័រម៉ូនបុរស) បានក្នុងពេលដំណាលគ្នា។ អ្នកគួរតែទទួលទានជារៀងរាល់ថ្ងៃ ប៉ុន្តែសូមកុំបរិភោគច្រើនពេក ពីព្រោះវាអាចធ្វើឲ្យ អ័រម៉ូនរបស់អ្នកកើនសីតុណ្ហភាព ក្នុងរាងកាយ។
៨. ទឹកឃ្មុំ
ទឹកឃ្មុំ គឺជាប្រភេទផលិតផលមួយដ៏អស្ចារ្យ ដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកបាន។ មួយថ្ងៃ ធ្វើយ៉ាងណា គួររួមបញ្ចូលទឹកឃ្មុំមួយស្លាបព្រាបាយ ទៅក្នុងរបបអាហារ។ អ្នកអាចឆុងជាមួយទឹកតែ ឬ pancakes ក៏បានតាមចំណង់ចំណូលចិត្ត។ ធានាថា អ្នកនឹងមានកម្លាំង និងថាមពលបានយូរជាក់ជាមិនខាន។
៩. ខ្ទឹមស
ខ្ទឹមសមានផ្ទុកនូវសារធាតុគីមី ដែលអាចជយយអ្នកឲ្យកាត់បន្ថយបាននូវ ភាពតានតឹង និងជួយដល់ការអភិវឌ្ឍ សាច់ដុំដោយប្រយោលទៀតផង។ ខ្ទឹមស ត្រូវបានគេយកទៅធ្វើជាម្ហូប និងជាគ្រឿងទេស សម្រាប់បង្កើនរសជាតិ លើម្ហូបជាច្រើនមុខប្រចាំថ្ងៃ។ ហេតុនេះ សូមកុំមើលស្រាលសមត្ថភាពវាឲ្យសោះ។
១០. ទំពាំងបាយជូរ
សារធាតុ ដែលមាននៅក្នុងផ្លែទំពាំងបាយជូរ អាចជួយពន្យារភាពចាស់ជ្រីវជ្រួញ និងថែមទាំងជួយបង្កើនសមាសភាព របស់មេជីវិតឈ្មោលទៀតផង។ ដើម្បីចង់បង្កើនកម្រិតអរម៉ូន testosterone បាន អ្នកគ្រាន់តែទទួលទានទំពាំងបាយជូរ ឲ្យបានមួយក្តាប់ដៃ ក្នុងមួយថ្ងៃ ជាការស្រេច។
១១. គ្រាប់សណ្តែក
សណ្តែកគ្រប់ប្រភេទ មិនថាសណ្តែកបាយ ឬសណ្តែកសៀងនោះទេ គឺសុទ្ធតែសំបូរទៅដោយវីតាមីន D ក៏ដូចជាប្រូតេអ៊ីនជាច្រើន។ អ្នកអាចយកវាទៅចំអិន នៅក្នុងស៊ុប ក្នុងបង្អែម ក្នុងម្ហូបឆា ជាដើម-ល-។ វាមិនត្រឹមតែជួយរក្សាកម្រិតអរម៉ូនភេទបុរសប៉ុណ្ណោះទេ វាក៏អាចជួយដល់សុខភាពបេះដូងបានដែរ។
១២. អយស្ទ័រ
យើងបានបែងចែក អយស្ទ័រចេញពីផ្នែកគ្រឿងសមុទ្រ ដោយសារតែវាមានលក្ខណៈពិសេសលើស គ្រឿងសមុទ្រដទៃ។ អយស្ទ័រ សំបូរទៅដោយសារធាតុរ៉ែលើសលុប និងសមាសធាតុសំខាន់ៗដទៃជាច្រើន ដែលគាំពារដល់សុខភាពរបស់បុរស។ អ្នកគួរបន្ថែមក្រូចឆ្មារ និងអំបិលបន្តិច នៅពេលទទួលទាន ដើម្បីទទួលបានសារធាតុចិញ្ចឹមឲ្យបានជាអតិបរមា។
១៣. ទឹកដោះគោ
ទឹកដោះគោ គឺពោរពេញទៅដោយជាតិវីតាមីន ដែលជួយឲ្យសាច់ដុំរីកលូតលាស់។ វាក៏មានផ្ទុកជាតិកាល់ស្យូម ដែលជួយសុខភាពឆ្អឹង និងវីតាមីន D ដែលជួយដល់កម្រិតអរម៉ូនភេទបុរសផងដែរ។ អ្វីដែលអ្នកត្រូវចងចាំគឺ ត្រូវទទួលទានតែទឹកដោះគោ ដែលមានជាតិខ្លាញ់ទាបប៉ុណ្ណោះ។
១៤. ខ្លាញ់ល្អ សម្រាប់សុខភាព
គ្រាន់តែឮពាក្យថាខ្លាញ់ អ្នកប្រាកដជាមិនចង់ទទួលទាននោះទេ ប៉ុន្តែជាតិខ្លាញ់ដែលល្អ សម្រាប់សុខភាព គឺអាចជួយដល់ការលូតលាស់សាច់ដុំបាន ដោយសារតែវាមានតួនាទី ជាអ្នកផលិតអរម៉ូនភេទបុរស។ ជាតិខ្លាញ់ដែលល្អសម្រាប់សុខភាព មាននៅក្នុងអាហារមួយចំនួនធំដូចជា ត្រីសាល់ម៉ុង គ្រាប់ធញ្ញជាតិ បន្លែស្លឹក ផ្លែប៊ឺរ -ល-៕